គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

គណៈប្រតិភូមកពី FoodSTEM ចុះទស្សនកិច្ចនៅក្រុមហ៊ុនខនហ្វីរេល

កាលបរិច្ឆេទ: ០៨ កុម្ភៈ ២០២៣

កាលពីដើមខែមករា​កន្លងទៅនេះ សាស្រ្តាចារ្យ-អ្នកស្រាវជ្រាវជនជាតិខ្មែរ ជនជាតិបារាំង និងជនជាតិប៊ែលហ្សិកប្រមាណជាងដប់រូបដែលបង្រៀននៅតាមគ្រឹះស្ថានឧត្តមសិក្សាផ្នែកកែច្នៃចំណីអាហារ បានចុះធ្វើទស្សនកិច្ចនៅរោងចក្រខនហ្វីរេល និងត្រូវបានទទួលស្វាគមន៍ដោយលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនខនហ្វីរេល។

គណៈប្រតិភូចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រវត្តិ និងចក្ខុវិស័យរបស់ក្រុមហ៊ុនស្តីពីការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរ៍ភាព ទៅលើផលិតផលរបស់ក្រុមហ៊ុន និងឧបរកណ៍គ្រឿងចក្រសម្រាប់ផលិត ព្រោះថាគោលបំណងនៃកម្មវិធីសិក្សា FoodSTEM គឺដើម្បីបណ្តុះបណ្តាលសហគ្រិនជំនាន់ថ្មីផ្នែកផលិតចំណីអាហារ ដោយសង្កត់ធ្ងន់ទៅលើប្រព័ន្ធសុវត្ថិភាព គុណភាព និងនិរន្តរភាព។

ដូច្នេះហើយកម្មវិធី FoodSTEM ដែលទទួលបានការឧបត្ថម្ភពីសំណាក់សហគមន៍អឺរ៉ុបក្នុងក្របខ័ណ្ឌកម្មវិធី Erasmus និងកម្មវិធី «ពង្រឹងសមត្ថភាពវិស័យអប់រំថ្នាក់ឧត្តមសិក្សា» ត្រូវបានបង្កើតឡើងដើម្បីបង្កើតភាពជាដៃគូសហការរវាងសាកលវិទ្យាល័យនៅកម្ពុជា និងសាកលវិទ្យាល័យនៅអឺរ៉ុប។ នៅកម្ពុជា គ្រឹះស្ថានឧត្តមសិក្សាដែលជាដៃគូសហការក្នុងកម្មវិធីនេះមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យជាតិបាត់ដំបង។ ចំណែកឯនៅអឺរ៉ុបវិញមាន  វិទ្យាស្ថានកសិកម្មនៅទីក្រុង ​Montpellier ប្រទេសបារាំង (L’institut Agro – Montpellier) សាកលវិទ្យាល័យនៅទីក្រុង Liège ប្រទេសស្វីស(L’Université de Liège)  និងវិទ្យាស្ថានជាតិពហុបច្ចេកទេសនៅទីក្រុង Toulouse ប្រទេសបារាំង (Toulouse INP) ។

នៅទីបញ្ចប់ គម្រោងនេះនឹងត្រូវបំពាក់ឧបករណ៍សិក្សាតាមអនឡាញទាក់ទងនឹងជំនាញសហគ្រិនផ្នែកកសិ-ចំណីអាហារនៅតាមសាកលវិទ្យាល័យនានានៅកម្ពុជា និងពង្រឹងការបណ្តុះបណ្តាលដល់គ្រូបណ្តុះបណ្តាល ព្រមទាំងជួយសម្រួលឲ្យមានការទទួលបានវគ្គបណ្តុះបណ្តាលនេះផងដែរ។

លើសពីនេះទៅទៀត ទៅថ្ងៃអនាគត ក៏នឹងមានជំនាញ «សហគ្រិនភាពផ្នែកកសិ-ចំណីអាហារ» ថ្នាក់អនុបណ្ឌិតថែមទៀតផង។

កម្មវិធីសិក្សានេះមានគម្រោងបង្កើតអ្វីដែលថ្មីៗ បង្កើតវគ្គបណ្តុះបណ្តាលពិសេស និងបង្កើនសមត្ថភាពគ្រប់គ្រង បង្កើនការបំពាក់គ្រឿងបរិក្ខាបច្ចេកទេសសម្រាប់និស្សិតដែលជាអនាគតសហគ្រិន។

ម្យ៉ាងវិញទៀត FoodSTEM ក៏មានបំណងកែលម្អផងដែរនូវការអនុវត្តល្អផ្នែកការគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារនៅតាមសាកលវិទ្យាល័យដែលជាដៃគូ ដើម្បី

គាំទ្រគម្រោងរបស់និស្សិត ព្រមទាំងពង្រឹងសមត្ថភាពបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដែលជាដៃគូផ្នែកគ្រប់គ្រងមន្ទីរពិសោធន៍កសិ-ចំណីអាហារ និងសុវត្ថិភាពចំណីអាហារ។ ជាចុងក្រោយ គម្រោងនេះឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនៅកម្ពុជា និងសាកលវិទ្យាល័យនៅអឺរ៉ុប និងវិស័យឯកជន ដើម្បីឈានទៅអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ៕